ពិធីហៅព្រលឹងស្រដៀងនឹងពិធីជញ្ជាត់ព្រលឹង
សៀវភៅ «កម្រងឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ» រៀបរាប់ថា កាលណាជំងឺស្ថិតក្នុងសភាពធ្ងន់ដូចជាសន្ធំមិនដឹងខ្លួន ភ្លេចភ្លាំងស្មារតីជាដើមនោះ គេសន្មតថា ព្រលឹងភាគច្រើនទាំងតូចទាំងធំ បានដើរចាកចេញពីរូបអ្នកជំងឺទៅកម្សាន្តកាយនៅឯព្រៃភ្នំក្រំថ្ម ។ ដើម្បីឱ្យព្រលឹងវិលមកចូលរូបកាយអ្នកជំងឺវិញនោះ គេត្រូវចាត់ចែងធ្វើពិធីមួយហៅថា «ពិធីហៅព្រលឹង» ។ ពិធីនេះមានអត្ថន័យប្រហាក់ប្រហែលនឹងពិធីជញ្ជាត់ព្រលឹងដែរ ប៉ុន្តែពិធីហៅព្រលឹងមានទម្រង់លំដាប់តូចជាងពិធីជញ្ជាត់ព្រលឹង ។ ម្យា៉ងទៀត ដំណើរប្រព្រឹត្តទៅនៃពិធីនេះក៏មានរយៈពេលខ្លីជាងដែរ ។
ដូចគ្នានឹងពិធីជញ្ជាត់ព្រលឹងដែរ គេតែងតែធ្វើពិធីហៅព្រលឹងបន្ទាប់ពីលៀងអារក្សនៅលើផ្ទះ និងលៀងឱ្យចំណីនៅឯដីរួចហើយ ។ ដូនស្នំតម្រូវឱ្យអ្នកហៅព្រលឹងទៅធ្វើពិធីនេះនៅជិតអ្នកជំងឺ ។ ជាដំបូងប៉ីពក ចាប់បន្លឺសំឡេងពីរោះគ្រលួចគួរឱ្យស្រងេះស្រងោចក្រៃពេក។ ភ្លាមនោះ អ្នកហៅព្រលឹងដែលទ្រផ្តិលដាក់បាយព្រលឹងនោះស្រែកច្រៀងអមសំឡេងតម្រូវទៅតាមសាច់ភ្លេងដែលថ្ងូរបង្អូសយា៉ងលន្លង់លន្លោចនៃបីុពក ។ គេច្រៀងរៀបរាប់អន្ទងព្រលឹងអ្នកជំងឺ (ហៅចំឈ្មោះ) ដែលដើរចោលរូបទៅក្នុងព្រៃភ្នំក្រំថ្មនោះឱ្យវិលត្រឡប់មកចូលក្នុងរូបរាងកាយរក្សាម៉ែ រក្សាឪ ប្តី ឬប្រពន្ធ រក្សាកូនចៅ កុំនៅក្នុងព្រៃខ្លាចសត្វសាហាវស៊ីក្រួសស៊ីថ្ម មកនៅផ្ទះធំទ្រនំខ្ពស់ ។
នៅពេលដែលអ្នកហៅព្រលឹងច្រៀងអំពាវនាវបក់បោយហៅព្រលឹងនេះ ដូនស្នំ អ្នកភ្លេង ក៏និយាយបន្ទរ បន្ថែមជួយហៅព្រលឹងអ្នកជំងឺផងដែរ តែហៅជាពាក្យសម្តីសាមញ្ញធម្មតា មិនមែនហៅជាពាក្យចម្រៀងទេ ។ គេច្រៀងហៅ ដដែលៗ ឯដូនស្នំ និងអ្នកភ្លេងក៏ចេះតែជួយស្រែកហៅបន្ថែមពីលើចម្រៀងនេះជាច្រើនលើកអស់រយៈពេលបីបទ ទើបគេឧបកិច្ចយកស្លឹកឫស្សី ឬស្លឹកឈើជាតំណាងព្រលឹងយកមកដោតសៀតនៅក្បាលដំណេកអ្នកជំងឺ ហើយគេធ្វើពិធីយោលបក់ចិញ្ចៀនមាស ដោយមានចងខ្សែទាញសង្ខាង ។ គេគ្រវាសចិញ្ចៀនពីលើផ្តិលទឹក ព្រមទាំងធ្វើឱ្យចិញ្ចៀនប៉ះទឹក បន្តិចៗ ហើយយោលមករកអ្នកជំងឺ ។ គេគ្រវាសបែបនេះ ដោយរាប់មួយ ពីរ បី រហូតដល់ដប់ប្រាំបួន ទើបយកមកចងកដៃអ្នកជំងឺ ដោយពោលជាចុងក្រោយថា «ព្រលឹងទាំងប្រាំបួនដណ្តប់អើយចូលមកសព្វគ្រប់ ចូលមកនៅក្នុងរូបកាយ (ឈ្មោះអ្នកជំងឺ) កុំនៅក្នុងព្រៃខ្លាចសត្វសាហាវ ស៊ីក្រួស ស៊ីថ្ម មកនៅផ្ទះធំទ្រនំខ្ពស់រក្សាម៉ែរក្សាឪ…។
ពិធីនេះត្រូវចប់សព្វគ្រប់ត្រឹមពេលអ្នកហៅព្រលឹងយកចិញ្ចៀនមាសចងដៃអ្នកជំងឺជានិមិត្តរូបតំណាងឱ្យព្រលឹងដែលវិលពីព្រៃចូលមកកាន់រូបកាយវិញ ៕