សេចក្ដីជូនដំណឹងគេហទំព័រយើងខ្ញុំកំពុង Update ដូច្នេះរាល់វីដេអូណាដែលទស្សនាមិនបានសូមអាធ្យាស្រ័យផង សូមអរគុណ!Youtube

អំពើធ្មប់


អំពើធ្មប់ 



តើ ធ្មប់ ជាអ្វី? សូមមេត្តាអានអត្ថបទឲ្យចប់ ដើម្បីកុំឲ្យចូលមក ខមិន ខុស។ សូមអរគុណ

• ធ្មប់ គឺជាសិល្ប៍មន្តដែលមានលក្ខណៈសាហាវឃោរឃៅមួយប្រភេទ។

គ្រូធ្មប់បង្កើនមហិទ្ធិរិទ្ធិរបស់ខ្លួន ដោយប្រើសិល្ប៍មន្តសម្លាប់ទារក
(ស៊ីទារកទើបនឹងកើត) កាកសំណល់ឈាម ទងសុកស្ត្រីឆ្លងទន្លេ
ទឹករងៃរបស់សាកសពមនុស្ស សត្វ ... ជាដើម។
គ្រូធ្មប់ធ្វើអំពើទៅលើអ្នកដទៃដោយមូលហេតុពីរយ៉ាងគឺ៖
-ធ្វើដោយការសងសឹកផ្ទាល់ខ្លួន
-ធ្វើដោយគេពឹង ឬគេជួល។

• អ្នកស្រុកគ្រប់គ្នាតែងភិតភ័យតក់ស្លុត និងខ្លាចអំពើរបស់គ្រូធ្មប់
នេះណាស់ ព្រោះថា បើកាលណាត្រូវអំពើរបស់គ្រូធ្មប់ហើយ
ប្រសិនបើរកគ្រូព្យាបាលមិនត្រូវទេ នឹងអាចស្លាប់យ៉ាងវេទនា
បំផុត។ បើមន្តសិល្ប៍វិជ្ជារបស់គ្រូធ្មប់នោះខ្លាំង ហើយគ្រូដែល
ដោះអំពើមានសិល្ប៍វិជ្ជាខ្សោយជាងនោះ គេពុំអាចដោះអំពើ ឬ
ព្យាបាលអំពើនោះឱ្យបានសះស្បើយឡើយ។ អ្នកជំងឺត្រូវតែស្លាប់
ចៀសមិនផុតឡើយ ។



យោងតាមប្រសាសន៍របស់ លោកគ្រូមន្តអាគម ធំៗ របៀប
ធ្វើអំពើរបស់គ្រូធ្មប់មានច្រើនបែបច្រើនវិធីណាស់ ប៉ុន្តែសូមលើកយកតែ ៤វិធី មកជម្រាបជូន៖

•ប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ (តាមការពិតគឺជាកន្ត្រៃធ្វើពីដែក តែគេហៅថាកន្ត្រៃមាស-កន្ត្រៃប្រាក់) ទៅកាត់ពោះវៀនជនរងគ្រោះ។

-•ប្រើស្បែកឱ្យចូលទៅក្នុងពោះជនរងគ្រោះ (ប្រើស្បែកឱ្យចូលទៅក្នុងក្រពះជនរងគ្រោះ។ ស្បែកនោះចេះតែរីក ធំឡើងៗជាលំដាប់
ធ្វើឱ្យជនរងគ្រោះតឹងពោះលំបាកវេទនារហូតដល់ស្លាប់)។

-•ប្រើដែកគោល កន្លាស់ ឬម្ជុល ឱ្យចូលទៅចាក់សព្វខ្លួនប្រាណ
ជនរងគ្រោះ ។

-•ប្រើគោបា ស្នាតេះ បាញ់សម្លាប់អ្នកជំងឺក្នុងពិធីឧបកិច្ច។


១-ការធ្វើអំពើដោយប្រើកន្ត្រៃមាស កន្ត្រៃប្រាក់

គ្រូធ្មប់អុជធូបទៀនលើហ៊ឹងរណ្តាប់ គ្រូសូត្របាលីគាថា ប្រើ
កន្ត្រៃមាស កន្ត្រៃប្រាក់ ដោយដាក់កន្ត្រៃនៅលើជើងពានមួយ។
គាត់អង្គុយភាវនាបាលីបណ្តើរយកចង្កឹះមួយវាយតិចៗទៅលើ
កន្ត្រៃបណ្តើរ។ សូត្រវាយៗយ៉ាងនេះទាល់តែកន្ត្រៃកំរើក ហើយ
ហោះហើរយ៉ាងលឿន ឮសូរដូចកន្លង់ហើរ។ កន្ត្រៃសិល្ប៍ ពេល
ហោះហើរទៅរកទីដៅរបស់វានោះ មានទំហំតូចជាងកន្ត្រៃធម្មតា
ជាច្រើនដង។ ទៅដល់ជិតជនរងគ្រោះ កន្ត្រៃនេះអាចក្លាយទៅជា
រុយ ឬជាសត្វល្អិតអ្វីមួយ ចូលទៅក្នុងខ្លួនជនរងគ្រោះតាមមាត់។
តាំងពីពេលចូលទៅដល់ក្នុងពោះអ្នករងគ្រោះចាប់ផ្តើមចុកពោះ
ឈឺចាប់ផ្សេងៗទៀតយ៉ាងវេទនាពិបាកទ្រាំ។ ប្រសិនបើគេដឹង
ភ្លាមៗថា ជំងឺនេះជាអំពើរបស់គ្រូធ្មប់ ហើយបើគេអាចរកឃើញ
គ្រូមន្តសិល្ប៍សាស្ត្រខ្លាំងពូកែអាចដាក់ថ្នាំ ឬសូត្របាលីមន្តគាថា
ធ្វើឱ្យធ្លាក់កន្ត្រៃមាស កន្ត្រៃប្រាក់បានភ្លាមនោះ គេអាចរំដោះអ្នក
ជំងឺឱ្យរួចរស់ជីវិតបាន។ ប្រសិនបើមិនបានចាប់អារម្មណ៍ចំពោះ
រឿងអំពើអំពាន់ទេ ហើយគិតតែដាក់ថ្នាំផ្សេងៗវិញនោះ ច្បាស់ជា
ត្រូវស្លាប់ដោយធ្លាក់ឈាមតាមបាត (តាមទ្វារលាមក) ឬតាមមាត់

ជាមិនខាន។




២-ការធ្វើអំពើដោយប្រើកន្លាស់ ម្ជុល ឬដែកគោល

ការធ្វើអំពើដោយប្រើរបស់ទាំងនេះ ក៏មិនសូវខុសគ្នាពីរបៀបទាំងពីរខាងដើមប៉ុន្មានឡើយ។ គ្រូធ្មប់យកវត្ថុទាំងបីមុខ មកសែកមន្ត
គាថាបាលី ហើយចាក់កន្លាស់ ម្ជុល ដែកគោលទៅលើរូបតំណាងជនរងគ្រោះឆ្លាក់ពីដំឡូងមី ធ្វើពីម្សៅ ឬធ្វើពីឈើផុយ។
គេច្រើនយកម្ជុលមកដោតត្រង់ដើមទ្រូងយកកន្លាស់ញាត់ក្នុងពោះឬយកដែកគោលដោតចំក្បាលជនរងគ្រោះដើម្បីឱ្យមានការឈឺចាប់ក្នុងពោះផង ក្នុងទ្រូងផង និងឈឺក្នុងក្បាលផង ក្នុងពេលតែមួយពោលគឺធ្វើយ៉ាងណាឲ្យជនរងគ្រោះអភ័ព្វនោះ បានដល់នូវក្តីលំបាកវេទនាយ៉ាងទារុណ មុននឹងស្លាប់។
ជួនកាលគ្រូធ្មប់បានដាក់កម្រិតឱ្យអ្នកជំងឺស្លាប់ដោយបរិភោគអ្វីមួយដែលគ្រូកំណត់ទុកជាមុន។ ឧទារហណ៍ក្រោយពីបានធ្វើឧបកិច្ចចាក់កន្លាស់ (កំណាត់ឫស្សី តូចៗ ស្រួចចុងដើម ឬស្រួចតែម្ខាង)ចាក់ម្ជុល ដោតដែកគោលសព្វខ្លួនប្រាណរូបតំណាងជនរងគ្រោះហើយ
គ្រូធ្មប់ធ្វើកិច្ចថា បើអ្នកត្រូវអំពើនោះបរិភោគសាច់ជ្រូកពេលណា
សូមឱ្យសិល្ប៍មន្តអាគមប្រតិកម្មភ្លាម ហើយអ្នកជំងឺត្រូវស្លាប់នៅពេលនោះតែម្តង។ ការព្យាបាលក៏មិនខុសគ្នាពីអំពើទាំងពីរខាងដើមប៉ុន្មានដែរ គឺអាចជាសះស្បើយ ឬស្លាប់ ។

៣-ការធ្វើអំពើដោយប្រើស្បែកគោ ឬស្បែកក្របី

របៀបធ្វើអំពើដោយប្រើស្បែកគោ ឬស្បែកក្របីស្ងួត ទាំងការរៀបចំរណ្តាប់ធ្វើពិធីបញ្ជូនសិល្ប៍មិនជាខុសគ្នាប៉ុន្មានពីការប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ ឡើយ។ គេយកស្បែកមួយផ្ទាំងធំមក សូត្រផ្លុំៗ ហើយវាយនឹងរំពាត់រហូតទាល់តែ
ស្បែករួញនៅតូច ហើយក៏ក្លាយទៅជាសត្វកន្លង់ ហើរទៅកាន់
ទិសដៅ ពោលគឺឆ្ពោះទៅរកមនុស្សដែលគេចង់ធ្វើ។ជនរងគ្រោះ
ទទួលស្បែកដែលប្រែទៅជាកន្លង់នេះតាមមាត់ដែរ។ ប៉ុន្តែកន្លង់នេះមុនចូលទៅក្នុងមាត់អាចនឹងក្លាយមួយជាន់ទៀត ទៅជាសត្វល្អិតតូចមួយដែលអាចចូលទៅក្នុងមាត់បានងាយស្រួល។ ប៉ុន្មានថ្ងៃក្រោយមក ស្បែកគោស្ងួតក៏ចេះតែរីកធំឡើងៗ ធ្វើឱ្យពោះអ្នកជំងឺកាន់តែធំឡើងៗជាលំដាប់។
ពេលជាមួយគ្នានោះដែរ អាចមានការឈឺចាប់លំបាកវេទនាផ្សេងៗទៀត ក្រៅពីការតឹងពោះផ្អេះៗ ការហត់ ដកដង្ហើមញាប់ស្ទើរដាច់ខ្យល់។
ដូចរបៀបធ្វើអំពើមុនៗដែរ បើរកគ្រូមិនទាន់ ឬគ្រូមិនសូវពូកែ
ជនរងគ្រោះនឹងស្លាប់ដោយសារធ្លាយក្រពះ។ ប៉ុន្តែបើរកបានគ្រូដែលមានសិល្ប៍វិជ្ជាការខ្លាំងពូកែស្មើ ឬលើសគ្រូធ្មប់ដែលធ្វើអំពើនោះ គេអាចសែកមន្តវិជ្ជាការបន្សាបអំពើនោះ រួចហើយផ្សំថ្នាំឱ្យអ្នកជំងឺផឹក ដើម្បីបញ្ចុះទំលាក់ស្បែកឱ្យចេញមកតាមគូទ ឬតាមមាត់។ ពេលនោះអ្នកជំងឺ នឹងបានធូរពោះ ហើយគេនឹងជាសះស្បើយដូចធម្មតាវិញ។



៤-ការធ្វើអំពើដោយប្រើព្រួញស្នាតេះ(តេជៈ)

គ្រូធ្មប់ច្រើនចេះវិជ្ជាពីរបែបនេះជាមួយគ្នាតែម្តង គឺគោបា និងស្នាតេះ។ គេច្រើននិយាយភ្ជាប់គ្នាថា៖ គោបាស្នាតេះ ព្រោះគ្រូធ្មប់តែងប្រើសិល្ប៍ណាមួយក្នុងសិល្ប៍ទាំងពីរបែប។
•គោបាសិល្ប៍ គឺសត្វល្អិតមានមាឌតូចៗ ដែលគ្រូធ្មប់លែងឱ្យហើររកស៊ីនៅពេលយប់។ គេស្តាប់ឮគោបាតាមការឮស្នូរត្រដោក ឮតឹកៗនៅពេលយប់ស្ងាត់ គ្រូធ្មប់ប្រើគោបានេះឱ្យហើរទៅជល់សម្លាប់ជនរងគ្រោះតាមវិធីរបស់គេ។
•ឯស្នាតេះ គឺជាស្នាសិល្ប៍ មានទំហំតូចប្រើសម្រាប់បាញ់ឧបកិច្ចលើរូបតំណាងជនរងគ្រោះឱ្យស្លាប់)។ ប្រើសិល្ប៍គោបា គឺប្រើគោសិល្ប៍នេះ ឱ្យជល់អ្នកជំងឺធ្វើឱ្យស្លាប់ជាប្រាកដ ប្រសិនបើរកគ្រូព្យាបាលមិនទាន់ ឬគ្រូដែលមិនសូវពូកែ។ ឯរបៀបប្រើស្នាតេះគឺគេតាំងពិធីដោយមានរៀបរណ្តាប់គ្រូផ្សេងៗតាមទម្លាប់។ គេសូនរូបជនរងគ្រោះអំពីដី អំពីម្សៅ ឬអំពីវត្ថុផុយៗ។ គ្រូធ្មប់សែកមន្តបាលីគាថា យ៉ាងយូរដើម្បីប្រមូលឥទ្ធិពល និងអញ្ជើញគ្រូគេមកជាជំនួយ
ក្នុងពេលធ្វើពិធីនេះ។ លុះសូត្រចប់គ្រប់បាលីគាថា ដែលត្រូវសូត្រ
ហើយ គេយកព្រួញ និងធ្នូសិល្ប៍យ៉ាងតូចបាញ់ឱ្យចំរូបតំណាងជនរងគ្រោះ ត្រង់ទ្រូង ត្រង់ពោះ ឬត្រង់ក្បាលតាមតែគេចង់។ របៀបនេះក៏កាចសាហាវមិនខុសពីរបៀបទាំងបីខាងដើមដែរ។
ពេលដែលគ្រូធ្មប់បាញ់ត្រូវចំរូបតំណាងនោះ រូបជនរងគ្រោះក៏ហាក់ដូចជាត្រូវព្រួញមែនៗដែរ។
ទោះបីជាគេមើលព្រួញមិនឃើញ ក៏គេបានទទួលការឈឺចាប់ដោយដួល ឬបន្លឺសម្រែកឈឺចាប់យ៉ាងខ្លាំង។
ព្រមពេលជាមួយគ្នានោះ នៅក្នុងផ្ទះអ្នករងគ្រោះ គេឮសូរសំឡេងអ្វីដូចជារន្ទះបាញ់។ ពេលនោះអ្នកជំងឺត្រូវទទួលការឈឺចាប់យ៉ាងខ្លាំងជួនកាលសន្លប់ ជួនកាលស្លាប់ភ្លាម។ គ្រូធ្មប់ប្រើវិធីបាញ់ស្នាតេះនេះបន្ទាប់ពីបានប្រើសិល្ប៍អ្វីពីមុនរួចហើយ តែជនរងគ្រោះគ្រាន់តែឈឺរ៉ាំរ៉ៃអស់រយៈពេលយ៉ាងយូរប៉ុណ្ណោះ។ ដោយចង់ឱ្យគូសត្រូវរបស់ខ្លួនស្លាប់ មុននឹងបានទទួលការសង្គ្រោះពីគ្រូព្យាបាលណាមួយនោះ
គ្រូធ្មប់អាចប្រើសិល្ប៍ស្នាតេះនេះ ដើម្បីបញ្ចប់ជីវិតជនរងគ្រោះឱ្យបានឆាប់រួសរាន់ទាន់ចិត្ត ។

🌺🌺🌺វិជ្ជាធ្មប់ គឺជាទុរវិជ្ជាដែល🌺🌺🌺

មិនគួរសិក្សារៀនសូត្រ ព្រោះវាគ្មានធ្វើអ្វីជាប្រយោជន៍ដល់សង្គម
ទេ។ ក្នុងមួយឆ្នាំ ប្រសិនបើគ្រូធ្មប់មិនបានធ្វើអំពើដល់អ្នកណាមួយ
នោះ សិល្ប៍មន្តធ្មប់ តែងតែធ្វើទុក្ខបុកម្នេញដល់សមាជិកក្នុងគ្រួសារ
ខ្លួនឯងវិញ ដូចជា ប្រពន្ធ-កូន ឈឺធ្ងន់រហូតដល់ស្លាប់។ វិជ្ជាធ្មប់
បើមិនបានធ្វើឱ្យគេស្លាប់ វានឹងសុីប្រពន្ធ កូនខ្លួនឯងវិញ។

ចែករំលែកដោយ៖ SEREY SEY-LB





🌺🌺🙏សូមអរគុណ និង អរគុណ🙏🌺🌺




Previous Post Next Post

Android

Gadgets